ជីវប្រវត្តិ លោក ម៉ម សូណង់ដូ

Printer-friendly versionPDF version

លោក ម៉ម សូណង់ដូ ជាស្ថាបនិក និងជាប្រធាន ស្ថានីយ៍វិទ្យុសំបុកឃ្មុំ សំឡេងប្រជាពលរដ្ឋ ទ្រទ្រង់ព្រះពុទ្ធសាសនា (អេហ្វអឹម ១០៥  មេហ្គាអែត) និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ

Mam Sonando
     លោក ម៉ម សូណង់ដូ (ក្នុងបន្ទប់ផ្សាយសំឡេងជាខេមរភាសា
        វិទ្យុសំឡេងសហរដ្ឋអាមេរិក ស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន)

១. ជីវប្រវត្តិសង្ខេប របស់លោក ម៉ម សូណង់ដូ

លោក ម៉ម សូណង់ដូ ជាកូនខ្មែរ កើតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៤២ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមាន​ឪពុក ឈ្មោះ ម៉ម សុទ្ធ (ជាមេធាវី) ស្រុកកំណើត នៅកោះសូទិន ខេត្តកំពង់ចាម និងម្ដាយ ឈ្មោះ អ៊ាម អ៊ូច ស្រុកកំណើត នៅក្នុងខេត្តបាត់ដំបង។

លោក ម៉ម សូណង់ដូ បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសបារាំង ក្នុងឆ្នាំ១៩៦៤ គោលបំណង​ចង់រៀនសូត្រផ្នែកថតរូប និងថតខ្សែភាពយន្ត។ នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ លោក ម៉ម សូណង់ដូ បានចូលរៀននៅសាលាបច្ចេកទេសផ្នែកថតរូប និងថតខ្សែភាពយន្ត “វ៉ូស៊ីរ៉ា” បារីស ១៥ (Ecole Technique de la Photograghie et Cinematographie de VAUGIRARD Paris XV)។ នៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ លោក ម៉ម សូណង់ដូ បានទទួលសញ្ញាបត្រ បរិញ្ញាបត្រ ផ្នែកសង្គមវិទ្យា និងសញ្ញាបត្រ ផ្នែកថតរូបខ្សែភាពយន្ត និងសោតទស្សន៍ នៅសាកលវិទ្យាល័យ ប៉ារីស ១៨ (Paris XVIII University)។

នៅ​ឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៨ លោក ម៉ម សូណង់ដូ បានធ្វើជាកម្មករនៅរោងចក្រថ្នាំលាបផ្ទះ (USINE de PEINTURE "VALENTINE") ប្រទេសបារាំង។ នៅ​ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ លោក ម៉ម សូណង់ដូ បានធ្វើជានាយក នៅក្រុមហ៊ុន S.E.D.E.M ផ្នែកខាងបោះពុម្ពផ្សាយ នៅបារីស ៦ (Society S.E.D.E.M., Edition diffusion, a publishing company Paris 6)។ នៅ​ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ លោក ម៉ម សូណង់ដូ បានធ្វើជានាយកផ្នែកបោះពុម្ពផ្សាយ នៅក្រុមហ៊ុន Society O.P.E.N នៅ​បារីស ៩ (Commercial Society O.P.E.N. Paris 9)។ នៅ​ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៩៤ លោក ម៉ម សូណង់ដូ បានធ្វើជានាយកប្រតិបត្តិ នៅក្លឹប និងភោជនីយដ្ឋាន ក្រុមហ៊ុនអប្សរា នៅបារីស ៤ (Club and Restaurant, Society APSARA company, Paris 4)។

ក្នុងរយៈពេល ៣០ ឆ្នាំ ដែលលោកបានតស៊ូក្នុងជីវិតនៅប្រទេសបារាំង ទើបនៅឆ្នាំ១៩៩៤ លោក ម៉ម សូណង់ដូ ក៏បានប្តេជ្ញាចិត្តត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ នៅ​ឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦ លោក ម៉ម សូណង់ដូ ជាស្ថាបនិក និងជាប្រធានស្ថានីយវិទ្យុមួយ ឈ្មោះថា វិទ្យុសំបុកឃ្មុំ សំឡេងប្រជាពលរដ្ឋ។ នៅ​ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ លោក ម៉ម សូណង់ដូ ជាប្រធាន គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ប៉ុន្តែគណបក្សនេះ ត្រូវរំលាយចោលវិញ នៅពាក់កណ្ដាលឆ្នាំ២០០១។ ក្នុង​ឆ្នាំ២០១០ លោក ម៉ម សូណង់ដូ បានបង្កើតជាសមាគមមួយ ឈ្មោះថា សមាគមអ្នកប្រជាធិបតេយ្យ។ បច្ចុប្បន្ន លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ។

 ២. សកម្មភាពសង្ខេប របស់លោក ម៉ម សូណង់ដូ

- ក្នុងឆ្នាំ១៩៩៦ លោក ម៉ម សូណង់ដូ បានចាប់ផ្ដើមបើកស្ថានីយ៍វិទ្យុ ដែលមានឈ្មោះថា វិទ្យុសំបុកឃ្មុំ។

- នៅខែកុម្ភៈ ឆ្នាំ១៩៩៧ លោក ម៉ម សូណង់ដូ បានចាប់​ផ្ដើមជាលើកដំបូងបង្កើតកម្មវិធីមួយ ដែលហៅថា « កម្មវិធី ខ្មែរជួយខ្មែរ » សំរាប់ជួយរកការងារជូនដល់ ប្រជាពលរដ្ឋ និងជួយសង្គ្រោះ ប្រជាពលរដ្ឋក្រីក្រទុរគត ដាច់បាយ ចាស់ជរា ជនពិការ និងអ្នកមានជំងឺ រហូតមក​ដល់សព្វថ្ងៃនេះ។

- នៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ មានរដ្ឋប្រហាររវាងគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ីនប៉ិច។ យោធារបស់រដ្ឋាភិបាលមួយក្រុមបានចូលមកបំផ្លាញ និងប្លន់យកឧបករណ៍របស់វិទ្យុសំបុកឃ្មុំ មួយចំនួន ដែលមាន​តំលៃប្រមាណ ៧០០០០ ដុល្លារអាមេរិក (ប្រាំពីរម៉ឺនដុល្លារអាមេរិក)។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៨ ក្រសួងព័ត៌មាន បានបញ្ជាឲ្យបញ្ឈប់ការផ្សាយរបស់វិទ្យុសំបុកឃ្មុំ ដែល​វិទ្យុសំបុកឃ្មុំ បានគាំទ្របាតុកម្មប្រឆាំងទៅនឹងការ​បោះឆ្នោតពុំមានសេរី និងយុត្តិធម៌ ហើយក្រសួងព័ត៌មាន ក៏បានដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុសំបុកឃ្មុំ ថែមទៀត។

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩៩ ទើបវិទ្យុសំបុកឃ្មុំ បានចាប់ផ្ដើមផ្សាយឡើងវិញ ក្រោយពីបានបង្កើតរដ្ឋាភិបាលថ្មី​មួយរវាងគណបក្សប្រជាជន និង​គណបក្សហ៊្វុនស៊ីនប៉ិច។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៩ លោក ម៉ម សូណង់ដូ បានទទួលផ្សាយផ្ទាល់ វិទ្យុសហរដ្ឋអាមេរិក ចំនួន ២ គឺ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និង​ វិទ្យុអាស៊ីសេរី (RFA)។

 លោក ម៉ម សូណង់ដូ បានធ្វើធម្មយាត្រាថ្មើរជើងទៅបួស នៅវត្ត​ប៉ាក់ណាម ព្រំដែនខ្មែរ-យួន ស្ថិតនៅក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានចំងាយ​ផ្លូវ ១០៥ គ.ម ពីរាជធានីភ្នំពេញ ដើម្បីទាញយកការចាប់​អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យក្រឡេកមើលភូមិប៉ាក់ណាម ដែលជាភូមិរបស់ខ្មែរសោះ ក៏ប៉ុន្តែ មានសុទ្ធ​តែប្រជាពលរដ្ឋយួន រស់នៅទាំងអស់។ ចាប់ផ្ដើមចេញដំណើរពីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ទៅដល់វត្តប៉ាក់ណាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០២។ លោក ម៉ម សូណង់ដូ បានសាងព្រះផ្នួសពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០២ នៅវត្តប៉ាក់ណាម ភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។ ព្រះភិក្ខុ ឥន្ទមុតោ ម៉ម សូណង់ដូ បានធ្វើធម្មយាត្រាត្រឡប់ពីវត្តប៉ាក់ណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០២ មកដល់អាស្រមរបស់លោក នៅភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០២ និងលាចាកព្រះផ្នួស នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០២។

- នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០២ រដ្ឋាភិបាលបានមកគំរាមវិទ្យុសំបុកឃ្មុំ ឲ្យបញ្ឈប់ការផ្សាយផ្ទាល់វិទ្យុ VOA និង RFA តទៅទៀត។

- រហូតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៣ ដោយសារការតស៊ូតវ៉ាទៅរដ្ឋាភិបាល ទើបវិទ្យុសហរដ្ឋអាមេរិកទាំង ២ បានផ្សាយតាមរលកធាតុអាកាសរបស់វិទ្យុសំបុកឃ្មុំ បន្តទៀត។

* នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ លោក ម៉ម សូណង់ដូ បានបួសជាលើកទី២ ហើយក៏បានធ្វើ​ធម្មយាត្រាថ្មើរជើងទៅវត្តជប់គគីរ ព្រំដែនខ្មែរ-សៀម ស្ថិតនៅភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលមានចំងាយប្រមាណ ៦០០ គ.ម ពីរាជធានីភ្នំពេញ។ គោលដៅរបស់លោក ម៉ម សូណង់ដូ គឺដើម្បីអភិវឌ្ឍន៍តំបន់នោះ ដោយ៖

  1. កសាងព្រះវិហារព្រះពុទ្ធសាសនា
  2. កសាងសាលារៀន ១ខ្នង មាន ៣បន្ទប់
  3. កសាងមន្ទីរពេទ្យសំរាប់ចែកថ្នាំ

 ក៏ប៉ុន្តែ ការធ្វើធម្មយាត្រានោះ ពុំបានទៅដល់គោលដៅទេ គឺនៅសល់តែ ១៥ គ.ម ប៉ុណ្ណោះ ក៏ត្រូវអាជ្ញាធរទប់ស្កាត់​ធម្មយាត្រាមិនឲ្យបន្តទៅទៀត ដោយរកលេសផ្សេងៗ។


 សមិទ្ធិផល លោក ម៉ម សូណង់ដូ បានកសាង

- នៅខែមេសា ឆ្នាំ២០០០ លោក ម៉ម សូណង់ដូ បាន​កសាងសាលារៀន ១ ខ្នង មាន ៧ បន្ទប់ ធ្វើអំពីថ្ម ប្រក់ក្បឿង នៅវត្តដងទង់ ស្ថិតនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

- នៅខែធ្នូ ឆ្នាំ២០០៣ លោក ម៉ម សូណង់ដូ បានកសាងស្ពានមួយ ស្ថិតនៅ​ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមសំណូមពររបស់ ប្រជាពលរដ្ឋ ដោយសារតែស្ពាន​នោះ មានសភាពទ្រុឌទ្រោមបាក់បែក ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់កុមារាកុមារី ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែល​ធ្វើដំណើរនៅលើស្ពាននោះ។ លោក ម៉ម សូណង់ដូ បានជួសជុល ហើយក្រាលដែក រួចរាល់ជាស្ថាពរ មានទទឹង ៦ ម៉ែត្រ កន្លះ និងបណ្ដោយ ១១៥ ម៉ែត្រ។

- នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ លោក ម៉ម សូណង់ដូ បានសហការជាមួយព្រះតេជគុណ ម៉ក់ មី ដើម្បីកសាងស្ពានសាមគ្គីមួយ ធ្វើអំពីថ្ម នៅភូមិព្រែកតូច ខេត្តកណ្តាល ដែលមានប្រវែង ទទឹង ៤ ម៉ែត្រ កន្លះ និង​បណ្ដោយ ១៨ ម៉ែត្រ សំរាប់ប្រជាពលរដ្ឋងាយស្រួលក្នុង​ធ្វើដំណើរ។

- ក្នុងឆ្នាំ២០០៦ លោក ម៉ម សូណង់ដូ បានកសាងអាស្រម និងតម្កល់ព្រះពុទ្ធបដិមា ចំនួន ៣ កន្លែង សម្រាប់ទុកជូន​ប្រជាពលរដ្ឋសមាទានសីល និងធ្វើ​បុណ្យទាន ដែលមានទីតាំង៖

  1. អាស្រម នៅភូមិអង្គជ្រៃវា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ
  2. អាស្រម នៅឃុំក្រាំងយ៉ូវ ខេត្តកណ្ដាល
  3. អាស្រម សាលាសាមគ្គីសន្សំបុណ្យខ្មែរពិភពលោក នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

- នៅខែកក្កដា ឆ្នាំ២០០៧ លោក ម៉ម សូណង់ដូ បានជួយស្តារស្រះទឹក ទៅតាម​សំណូមពររបស់ប្រជាពលរដ្ឋ ចំនួន ៦ ភូមិ ដែលខ្វះខាតទឹកបរិភោគ និងប្រើប្រាស់។ ស្រះទឹកនោះ មានទំហំ ទទឹង ១២៥ ម៉ែត្រ និងបណ្ដោយ ១៩៥ ម៉ែត្រ ស្ថិតនៅក្នុង​ភូមិតាំងរលៀង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក ម៉ម សូណង់ដូ ក៏ទើបតែបញ្ចប់រួចរាល់ ធ្វើរបងព័ទ្ធជុំវិញស្រះនោះ ផងដែរ ដើម្បីទប់ស្កាត់សត្វពាហនៈចូលមកលុកលុយក្នុងស្រះនោះ។

- នៅខែមករា ឆ្នាំ២០១៣ លោក ម៉ម សូណង់ដូ ក៏បានធ្វើការអំពាវនាវដល់បងប្អូនខ្មែរ នៅក្នុងស្រុក ក៏ដូចជានៅក្រៅ​ស្រុក សូមឲ្យជួយចូលរួមកសាងសាលារៀន ១ខ្នង មាន ៣បន្ទប់ ធ្វើអំពីថ្ម ប្រក់ក្បឿង ដែលមានឈ្មោះថាៈ " សាលាមឋមសិក្សា សាមគ្គីខ្មែរ​ពិភពលោក " សំរាប់កុមារាកុមារី ប្រមាណជាង ៣០០ នាក់ ស្ថិតនៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។


 អំណោយសប្បុរសធម៌ ពីឆ្នាំ ១៩៩៦-២០១៣

- ពេលដែលលោក ម៉ម សូណង់ដូ បានចាប់ផ្ដើមដំណើរ​ការផ្សព្វផ្សាយវិទ្យុសំបុកឃ្មុំ នៅក្នុងឆ្នាំ ១៩៩៦ នៅពេលនោះក៏បានចាប់ផ្ដើមជួយ​សង្គ្រោះដល់ អ្នកក្រីក្រទុរគតដាច់បាយ ជនពិការ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងអ្នកមានជម្ងឺមួយចំនួនផងដែរ។ ជាពិសេស នៅក្នុងឆ្នាំ ២០០០ ដែលមាន គ្រោះធម្មជាតិទឹកជំនន់យ៉ាងខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក ម៉ម សូណង់ដូ បានដឹកជញ្ជូនស្បៀង មានដូចជា អង្ករ ត្រីងៀត ត្រីឆ្អើ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក មីកញ្ចប់ ។ល។ ចំនួនរាប់តោន តាមផ្លូវទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលគ្មានទីលំនៅ គ្មានចំណីអាហារបរិភោគ ជាពិសេសគ្មានមុង និង សំលៀកបំពាក់ជាដើម។

- លោក ម៉ម សូណង់ដូ បានជីកអណ្ដូងស្នប់ និងអណ្ដូងជីកដាក់លូមួយចំនួន ជូនទៅ​ប្រជាពលរដ្ឋដែលមានបញ្ហាពីរឿងទឹកប្រើប្រាស់ ដូចជានៅខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង...។ ហើយក៏លោក ម៉ម សូណង់ដូ បានទិញពាង ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបូមទឹកមួយចំនួន ជូនទៅដល់ប្រជាពលរដ្ឋផងដែរ។

- នៅខែកក្កដា ឆ្នាំ២០០៨ អំឡុងពេលមានជំលោះនៅតាមបន្ទាត់ព្រំដែនខ្មែរ-សៀម រហូតមានការផ្ទុះអាវុធ បណ្តាលឲ្យយោធាខ្មែរមួយចំនួនស្លាប់ និងរងរបួសនោះ។ លោក ម៉ម សូណង់ដូ បានដឹកអំណោយសប្បុរសធម៌ មានជា អង្ករ ចំណីអាហារ គ្រឿងឧបភោគបរិភោគជាដើម ទៅផ្តល់ជូនយោធាដែលឈរជើងនៅខ្សែត្រៀម​ប្រយុទ្ធជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ចំនួន ៣ លើក៖

  1. នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨
  2. នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨
  3. នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៩

- នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ លោក ម៉ម សូណង់ដូ បានដឹកស្បៀងទៅជូនយោធា​ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។

- លោក ម៉ម សូណង់ដូ បានដឹកស្បៀងទៅជូនយោធា ប៉ូលីស ព្រះសង្ឃ និងចែកប្រជាពលរដ្ឋក្រីក្រ នៅតំបន់ជប់គគីរ ហៅថា តំបន់ចៃឆ្កែ ចំនួន ៣ លើក៖

  1. នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨
  2. នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨
  3. នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩

- នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ លោក ម៉ម សូណង់ដូ បានយកអំណោយជា​ថវិកាទៅជូនគ្រួសារយោធា ដែលស្លាប់ក្នុងសមរភូមិវាលឥន្ត្រី ចំនួន ៣ រូប ក្នុងមួយគ្រួសារ ទទួលបាន ៥០០ ដុល្លារអាមេរិក។ លោក ម៉ម សូណង់ដូ បានផ្តល់ទឹកប្រាក់ដល់យោធា ដែលរងរបួសក្នុងសមរភូមិ ២ រូបទៀត ក្នុងម្នាក់ៗ ទទួលបានថវិកា ២៥០ ដុល្លារអាមេរិក។

- នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១ លោក ម៉ម សូណង់ដូ បានដឹកអំណោយ​សប្បុរសធម៌ពីបងប្អូនខ្មែរ នៅប្រទេសកាណាដា មាន អង្ករ ត្រីងៀត ត្រីឆ្អើ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក មីកញ្ចប់ ។ល។ សរុបចំនួន ៩ តោន ទៅចែកជូនយោធា នៅខ្សែត្រៀមប្រយុទ្ធជួរមុខ ការពារតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។

- នៅក្នុងឆ្នាំ២០១៣ ដោយសារតែមានគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក ម៉ម សូណង់ដូ បានដឹកជញ្ជូនស្បៀង មាន៖ អង្ករ ត្រីងៀត ត្រីឆ្អើ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក មីកញ្ចប់ ។ល។ ចំនួនរាប់តោន តាមផ្លូវគោក និងផ្លូវទឹក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្វះចំណីអាហារបរិភោគ ជាច្រើនកន្លែងក្នុងខេត្តមួយចំនួន មានដូចជា៖

* ថ្ងៃទី០៦ ខែតុលា ឆ្មាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៣៥០ គ្រួសារ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

* ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ២៩០ គ្រួសារ ក្នុងវត្តសុវណ្ណរង្សី មកពីភូមិកងមាសក្រៅ និងភូមិកងមាស ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចំងាយពីភំ្នពេញ ៩០ Km ។

* ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៤០០ គ្រួសារ ស្ថិតនៅភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មានចំងាយពីភំ្នពេញ ៦៥Km។

* ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៤ ភូមិ ដែលមានចំនួន ១៥០ គ្រួសារ  ស្ថិតនៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ មានចំងាយពីភំ្នពេញ ៦០Km ។

* ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ១០ ភូមិ ដែលមានចំនួន ៦០០ គ្រួសារ ស្ថិតនៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំងាយពីភំ្នពេញ ១៥០Km ។

* ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៤៤០ គ្រួសារ ស្ថិតនៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

* ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ២ កន្លែង ដែលមានចំងាយពីភំ្នពេញ ៤០Km ៖

  • ពេលព្រឹក ចែក ចំនួន ៤ ភូមិ ដែលមានចំនួន ២៥៥ គ្រួសារ មកពីភូមិទងត្រឡាច ភូមិខ្ទឹង ភូមិជន្លាតដៃ ភូមិបឹងទីង ស្ថិតកក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
  • ពេលរសៀល ចែកចំនួន ៤ ភូមិ ទៀត គឺ៖
    1. មកពីភូមិប្រាំយ៉ាម ចំនួន ៨៥ គ្រួសារ
    2. មកពីភូមិជើងដឹក ចំនួន ៨៣ គ្រួសារ
    3. មកពី ភូមិជីប្រ៉ាយ ចំនួន ៤២ គ្រួសារ
    4. មកពីភូមិដីថ្ក ចំនួន ៤៤ គ្រួសារ

* ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៤ ភូមិ ដែលមានចំនួន ២៣៨ គ្រួសារ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

* ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ មកពីភូមិកំពង់សំណាញ់ និងភូមិពោធិ៍មាស ស្ថិតក្នុងឃុំមៀន ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានចំងាយពីភំ្នពេញ ១០០Km ។

* ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ២ កន្លែង៖

  1. ពេលព្រឹក ចែកចំនួន ២៥០ គ្រួសារ មកពីភូមិបារុង និងភូមិខ្នោការ ស្ថិតក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។
  2. ពេលរសៀល ចែកចំនួន ២៥២ គ្រួសារ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

* ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ២៣៤ គ្រួសារ មកពីភូមិកំពង់រាប ភូមិកោះចិន និងភូមិកំពង់ក្តី ស្ថិតក្នុងឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំងាយពីភំ្នពេញ ១៤០Km។

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ ដែលមានចំនួន ១៥៨ គ្រួសារ ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

  1. មកពីភូមិបន្ទាយស្លឹក ចំនួន ២៤ គ្រួសារ
  2. មកពីភូមិសង្កែជួរ ចំនួន ៣០ គ្រួសារ
  3. មកពីភូមិអញ្ចាញ ចំនួន ២២ គ្រួសារ
  4. មកពីភូមិតារាគមន៍ ចំនួន ៤៣ គ្រួសារ
  5. មកពីភូមិជ័យជោគ ចំនួន ៣៩ គ្រួសារ

- ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ចែកស្បៀងជូនប្រជាពលរដ្ឋ ចំនួន ៤៣៦ គ្រួសារ ស្ថិតក្នុងឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


 « យើងត្រូវហ៊ានលះបង់ខ្ពស់ ដើម្បីទាមទារសិទ្ធិ និងសេរីភាព ពីអ្នកមានអំណាចផ្ដាច់ការ... ប្រសាសន៍លោក ម៉ម សូណង់ដូ »

- លោក ម៉ម សូណង់ដូ ត្រូវរដ្ឋាភិបាលចាប់ឃាត់ខ្លួន ដាក់ពន្ធនាគារព្រៃសរ ចំនួន ១១ ថ្ងៃ ចាប់ពីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៣ ដល់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៣ ដែលមានភ័ព្វវាសនា ដោយព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានលើកលែងទោសពីបទចោទប្រកាន់ថា បានធ្វើការញ៉ុះញ៉ុងឲ្យ​មានបាតុកម្មប្រឆាំងស្ថានទូតសៀម។

- លោក ម៉ម សូណង់ដូ ត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួន នៅពន្ធនាគារព្រៃសរ ចំនួន ៩៩ ថ្ងៃ ចាប់ពីនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ រហូតដល់នៅថ្ងៃទី១៧ ខែមករា ​ឆ្នាំ២០០៦ ពីបទផ្សាយព័ត៌មានមិន​ពិតអំពីអ្វីដែលលោក ម៉ម សូណង់ដូ បានធ្វើ​បទសំភាសន៍ជាមួយនឹងលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាការព្រំដែនខ្មែរ នៅប្រទេសបារាំង អំពីសិទ្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៨៥ ដែលសម្ដេច ហ៊ុន សែន បានចុះសិទ្ធិសញ្ញាជាមួយ​យួន។

- នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ត្រូវរដ្ឋាភិបាលប្ដឹងឲ្យជាប់​ពន្ធនាគារ ចំនួន ២០ ឆ្នាំ ពីបទអប្បគមន៍ និងបង្កើតរដ្ឋក្នុងរដ្ឋ ក៏ប៉ុន្តែ លោក ម៉ម សូណង់ដូ ត្រូវបានសវនាការ​សាលាឧទ្ធរណ៍ ថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ២០១៣ បានទំលាក់ទម្ងន់ទោសមកត្រឹម ៥ ឆ្នាំ វិញ ហើយបានប្ដូរការចោទប្រកាន់ពីបទអប្បគមន៍ មកបទកាប់ព្រៃឈើវិញ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាទៅទទួលលោក ម៉ម សូណង់ដូ ចេញពីពន្ធនាគារវិញ។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ បានជាប់ពន្ធនាគារ ជាលើកទី៣ ចាប់ពីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ សរុបចំនួន ៨ ខែ នៅសល់ប៉ុន្មាន ត្រួវបានព្យួរទោស។