លោក ម៉ម សូណង់ដូ ប្រ​​ធាន​​គណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​សង្គម​​ប្រ​​ជា​​ធិប​​តេយ្យ​បាន​​អញ្ជើញ​​ទៅ​​សា​​លា​​ដំ​​បូង​រា​ជ​ធា​នី​ភ្នំ​ពេញ​ដើម្បី​​បំ​ភ្លឺ​​ចំ​​ពោះ​​ករ​ណី​​ប្តឹ​ង​ព្រះ​​តេជ​​គុណ ប៊ុត ប៊ុនតិញ

Printer-friendly versionPDF version

​ភ្នំពេញ៖ នៅ​​ថ្ងៃ​​ទី​​២៦ ខែ​​កញ្ញា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​​ឃ្មុំ​​សង្គម​​ប្រ​ជា​ធិប​តេយ្យ បាន​​អញ្ជើញ​​ទៅ​​សា​​លា​​ដំ​បូង​​រា​ជ​​ធា​នី​​ភ្នំ​ពេញ ដើម្បី ចូល​បំ​ភ្លឺ​​ចំ​​ពោះ​​ករ​​ណី​​ដែល​​លោក​​បាន​​ដាក់​​ពាក្យ​​ប្តឹ​ង​ព្រះ​​តេ​ជ​​គុណ ប៊ុត ប៊ុនតិញ ស្ថាប​និក​បណ្តាញ​ព្រះ​​សង្ឃ​​ឯក​​រាជ្យ ​ពី​ប​ទ​បរិ​ហារ​កេរ្តិ៍ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​​២០១៦ ដោយ​ទាម​​ទារ​​សំ​​ណង​​ជម្ងឺ​ចិត្ត ១០.០០០ រៀល និង​​សូម​​ឲ្យ​​តុ​លា​​ការ ផ្ត​ន្ទា​ទោស​​តាម​​ផ្លូវ​​ច្បាប់​។

នៅ​ក្នុង​ពាក្យប​ណ្តឹង​របស់​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក​ប្តឹង ព្រះ​តេជ​គុណ ប៊ុត ប៊ិនតិញ ដោយ​សារ ព្រះ​អង្គ​បាន​ផ្សព្វ​ផ្សាយ ព័ត៌​មាន​មិន​ពិត តាម​ប្រ​ព័​ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ កិត្តិ​នាម​របស់​លោក និង​ប៉ះ​ពាល់​ដល់ ការ​ងារ​គណបក្ស និង​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត អ្នក​គាំ​ទ្រ​គណ​បក្ស ដែល​ទង្វើ​នេះ គឺ​ជា​បទ​បរិ​ហារ​​កេរ្តិ៍​សា​ធា​រណៈ តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

បញ្ជាក់​អង្គ​ហេតុ​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០១៥ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​​ផុស​​ខ្សែ​​វី​​ដេ​​អូ​​មួយ ដែល​​បង្ហាញ​​ពី​​រូប​​ព្រះ​​អង្គ ដែល​​កំ​​ពុង​​ថ្លែង​អត្ថា​ធិប្បាយ វិ​ភាគ​ន​យោ​​បាយ និង​​សង្គម ​។  នៅ​​ក្នុង​​បទ​​អត្ថា​​ធិប្បាយ​​នោះ​ ព្រះ​​អង្គ​​បាន​​មាន​​បន្ទូល ចោទ​​មក​លើ​​រូប​​លោក និង​​ភរិ​យាថា "...បែរ​​ទៅ​​ជា​​តា ម៉ម សូណង់ដូ មក​​ចរ​​ចា​​ថ្លៃ​​គ្នា សូម​​ឲ្យ​​ប្រ​​ពន្ធ​គាត់ ឈរ​​ជា​​តំ​​ណាង​​រាស្ត្រ ​មុន​​គាត់ ហើយ​​គាត់​​ចង់​​ចាំ​​តំ​​ណែង ធំ​​ជាង​​នោះ​​ទៀត ប៉ុ​ន្តែ​នៅ​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នោះ បាន​ព្រម​ព្រៀង​គ្នា ជួយ​ជ្រោម​ជ្រែង​ឲ្យ​លោក​តា ​ម៉ម សូណង់ដូ ទៅ​ឈរ​ជា​តំ​ណា​ង​រាស្ត្រ ខេត្ត​ក្រ​ចេះ ប៉ុន្តែ​លោក​តា ម៉ម សូណង់ដូ គាត់​ចង់​បាន​ទាំង​ពីរ ប្រ​ពន្ធ​ផង ប្តី​ផង ហេតុ​ដូច្នេះ គណ​បក្ស​សង្គ្រោះ​ជាតិ មិន​ព្រម ទើប​ធ្វើ​ឲ្យ​តា ម៉ម សូណង់ដូ អាក់​អន់​ស្រ​ពន់​ចិត្ត មិន​ចូល​រួម​ក្នុង​បក្ស​មួយ​រយៈ..."​ ។

ក្រោយ​ពី​លោក ម៉ម សូណង់ដូ បាន​ចូល​ស្រាយ​បំ​ភ្លឺ​រួច ព្រះ​រាជ​អជ្ញា​កំ​ពុង​តែ​សើប​សួរ​ស្វែង​រក​​អា​សយ​ដ្ឋាន​​ចល័ត​ របស់​ព្រះ​តេជ​គុណ​ ប៊ុត ប៊ុនតិញ ​ដើម្បី​កោះ​អញ្ជើញ​មក​បំ​ភ្លឺ នៅ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ។