គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្ស​ន​យោ​បាយ​

Printer-friendly versionPDF version

ភ្នំ​ពេញៈ សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយ​ករដ្ឋម​ន្ត្រី រដ្ឋ​ម​ន្ត្រី​ក្រ​សួងម​ហា​ផ្ទៃ បាន​ប្រ​កាស​ចុះ​បញ្ជី​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​ជា​ផ្លូវ​ការ​ហើយ ​នៅ​ក្រ​សួង​ម​ហា​ផ្ទៃ ដើ​ម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹ​ក្សា​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ នៅ​ឆ្នាំ​២​០១៨ ខាង​មុខ​នេះ។

យោង​តាម​ប្រ​កាស​ស្តី​ពី​ការ​ចុះ​ឈ្មោះ​ក្នុ​ង​បញ្ជី​គណ​បក្ស​ន​យោ​បាយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​សម្តេច​ក្រ​ឡា​ហោ​ម ស ខេង ឧប​នាយ​ក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​១ ខែ​មីនា បាន​ឲ្យ​ដឹងថា​ គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិ​ប​តេយ្យ​ហៅ​កាត់ (គ.​ស.​ស​.ប) ដែល​មាន​អា​សយ​ដ្ឋាន​នៃ​ទី​ស្នាក់​ការ​កណ្តាល​តាំ​ង​ នៅ​ផ្ទះ​លេខ​២៦០B ផ្លូវ​១៦ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជ​ធា​នី​ភ្នំ​ពេញ ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្ស​ន​យោ​បា​​​យ​នៅ​ក្រ​សួង​មហា​ផ្ទៃ (​ប្រ​កា​រ​១)​។

ប្រ​ការ​២ អគ្គលេ​ខាធិការ នៃ​អគ្គលេ​ខា​ធិ​ការ​ដ្ឋាន អគ្គ​នា​យ​ក​នៃ​អគ្គ​នាយ​ក​ដ្ឋាន​រដ្ឋ​បាល​ អគ្គ​ស្នង​ការ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​របាល​ជាតិ អគ្គ​​នា​យក​ដ្ឋាន​ពាក់​ព័ន្ធ​នា​នា នៃ​ក្រ​សួង​ម​ហា​ផ្ទៃ អភិ​បាល នៃ​គណៈ​អភិ​បាល រាជ​ធា​នី​ភ្នំ​ពេញ ប្រ​ធាន​នាយ​ក​ដ្ឋាន​កិច្ច​ការ​សមា​គម និង​គណ​ប​ក្ស​ន​យោ​បាយ និង​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គ​ម​ប្រ​ជា​ធិ​ប​តេយ្យ ត្រូវ​អនុ​វត្ត​ប្រ​កាស​នេះ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​តទៅ​។សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ឆ្នាំ​២០១៥ លោក​ ម៉ម សូណង់ដូ ប្រ​ធាន​គណបក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណ​បក្ស​នៅ​ក្រ​សួង​ម​ហា​ផ្ទៃ​។

ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ក្រ​សួង​មហា​ផ្ទៃ​បាន​ទទួល​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​គណ​បក្ស​ន​យោ​បាយ​នៅ​ក្រ​សួង​ម​ហា​ផ្ទៃ​។គួរ​បញ្ជាក់​ថា គណបក្ស​ន​យោ​បាយ​ដែល​ក្រ​សួង​មហា​ផ្ទៃ​បាន​អនុ​ញ្ញាត​ឲ្យ​បង្កើត​ថ្មី នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ មាន​ចំនួន​១០​គណ​បក្ស​ រួមមានៈ

១. គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​។
២.​ គណ​បក្ស​ខ្មែរ​សាម​គ្គី។
៣.គណ​បក្ស​យុត្តិ​ធម៌​ជាតិ​ខ្មែរ​។
៤. គណ​បក្ស​អំ​ណាច​ខ្មែរ​។
៥. គណ​បក្ស​យុវ​ជន​កម្ពុជា​។
៦.គណ​បក្ស​ជន​ជាតិ​ដើម​ប្រ​ជា​ធិប​តេយ្យ​ក​ម្ពុជា។
៧.​ គណ​បក្ស​សំបុ​ក​ឃ្មុំ​សង្គម​ប្រ​ជា​ធិ​ប​តេយ្យ។
៨. គណ​បក្ស​កម្ពុជា​សេ​រី​ភាព។
៩. គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ និង
១០. គណ​បក្ស​មហា​សាម​គ្គី​ជាតិ​ខ្មែរ។

ក្នុង​ចំ​ណោម​គណ​បក្ស​ន​យោ​បាយ​ទាំង​១០ នេះ​ គឺ​​មាន​​តែ​​គណ​​បក្ស​​ចំនួន​​២ គឺ​គណប​ក្ស​សំ​បុក​ឃ្មុំ​សង្គ​ម​ប្រ​ជា​ធិប​តេយ្យ និង ​គណ​​បក្ស​​អំ​​ណា​ច​ខ្មែរ ដែល​បាន​សុំ​ចុះ​បញ្ជី​នៅ​ក្រ​សួង​មហា​ផ្ទៃ​។គិត​មក​ដល់​ចុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦​ នេះ​ គណ​បក្ស​នយោ​បាយ​មាន​ចំនួន​៦​៣​គណបក្ស ក្នុង​នោះ​គណ​បក្ស​ដែល​បាន​បង្កើត​តែ​មិន​ទាន់​បាន​សុំ​ចុះ​បញ្ជី​នៅ​ក្រ​សួង​ម​ហា​ផ្ទៃ មាន​២២​គណ​បក្ស និង​គណ​បក្សន​យោបា​យ​ដែល​បាន​ចុះ​បញ្ជី​៤​​១​គណបក្ស​​៕

ប្រភពដើម កាសែតរស្មីកម្ពុជា