
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៧ : ៣០នាទី លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញមួយនៃគណៈកម្មាធិការអចិន្រ្តៃយ៍ធ្វើនៅទីស្នាក់ការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមាសភាពចូលរួម ក្នុងកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃ មាន៩រូបលើ១៣រូបដូចមានភ្ជាប់បញ្ជីវត្តមានជូន ÷
ក្នុងកិច្ចប្រជុំ វិសាមញ្ញគណៈកម្មារអចិន្រ្តៃនេះ អង្គប្រជុំបានដាក់ចេញនូវរបៀបវារៈចំនួនពីរគឺ ÷
១.ពិភាក្សាលើករណី លោក ហារី សំអាត ជាអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។ បន្ទាប់ពីរកឃើញថា លោក ហារី សំអាត បានទៅចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដើម្បីទទួលតួនាទីជាគណៈកម្មាធិការអចិន្រ្តៃក្នុងបក្ស នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ពិភាក្សាលើកករណី លោក ឈួន ប៊ុនសុង ជាអគ្គនាយកទំនាក់ទំនង់សាធារណៈ ដែលបានប្រព្រឹត្តអំពើ ពុករលួយ កេងប្រវ័ញ្ជប្រាក់មួយចំនួនដែលអ្នកគាំទ្រគណបក្សបានឧបត្ថម្ភ ។
បន្ទាប់ពីអង្គប្រជុំ ធ្វើវិសាមញ្ញគណកម្មាធិការអចិន្ត្រៃ បានពិភាក្សាយ៉ាងល្អិតល្អន់ និងប្រកបដោយសុភវិនិឆ្ឆ័យ បានយល់ឃើញថា ÷ លោក ហារី សំអាត បានប្រព្រឹត្តផ្ទុយពីលក្ខន្តិកៈ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រង់ចំណុចមាត្រា១៥ និងបទបញ្ជា ស្ដីពី ការអនុវត្តគោលការអាធិភាព ៨ចំណុច សំរាប់សមាជិកសមាជិការ គណកម្មាធិការអចិន្ត្រៃយ៍ លេខ២៤១៧/១៦គ.ស.ស.ប ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងមានភស្តុតាំងគ្រប់គ្រាន់ អង្គប្រជុំវិសាមញ្ញ គណកម្មាធិការអចិន្ត្រៃយ៍ បានលើកដៃបោះឆ្នោតជាសម្លេងឯកច្ឆ័នគឺ ៩លើ៩សម្លេងនៃសម្លេងវត្តមានក្នុងប្រជុំ សម្រេចជាលទ្ធផលដូចខាងក្រោម ÷
ក.សម្រេចដក លោក ហារី សំអាត ចេញពីរសមាជិកភាពនិង តួនាទីជាអនុប្រធានគណបក្ស ។
ខ.សម្រេចដក លោក ឈួន ប៊ុនសុងចេញពីសមាជិកភាពតួនាទីជាអគ្គនាយកទំនាក់ទំនងសាធារណៈគណបក្ស ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងសមាជិកសមាជិការ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជ្រាបជាព័ត៌មាន ។
រាជធានីភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។